Wednesday, June 3, 2026
Wednesday, June 3, 2026
Wednesday, June 3, 2026

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅច្រកអានសេះ តំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់

by Sorn Kunnivoth
29 ចំនួនអ្នកទស្សនា

នៅថ្ងៃអង្គារទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង ៕អត្ថបទនិងរូបថត ក្រសួងព័ត៌មាន

អត្ថបទពាក់ព័ន្ធ