Sunday, September 13, 2026
Sunday, September 13, 2026
Sunday, September 13, 2026

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​៖ ២០​ឆ្នាំ​ទៀត​ ខេត្ត​ស្វាយរៀង​ នឹង​ក្លាយ​ជា​តំបន់​ឧស្សាហកម្ម ​រោងចក្រ ​សហគ្រាស​ ជំនួស​ឱ្យ​វិស័យ​កសិកម្ម​

by Sorn Kunnivoth
129 ចំនួនអ្នកទស្សនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវបំណងដ៏ធំ និងជំរុញខេត្តស្វាយរៀង ឱ្យក្លាយជាខេត្តសក្តានុពលសេដ្ឋកិច្ចធំ ដែលសម្បូរទៅដោយរោងចក្រសហគ្រាស ជំនួសដោយការដាំដុះវិស័យកសិកម្ម ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តស្វាយរៀង ធ្លាប់ជាខេត្តពិបាកក្នុងការដាំដុះកសិកម្ម ដោយសារកត្តាស្ថានដីក្នុងខេត្ត មិនសូវអំណោយផល ដូច្នេះអាចងាកចេញពីការដាំស្រូវ ទៅជាការបង្កើតរោងចក្រ សហគ្រាស ឱ្យបានច្រើនវិញ។

ដោយសារតែកត្តាស្ថានដីនេះហើយ ទើបសម្តេចធិបតី នាយកដ្ឋមន្ត្រី ឱ្យអភិបាលខេត្តស្វាយរៀង កុំឱ្យខេត្តនេះក្លាយទៅជាខេត្តមួយ ដែលមានកេរ្តិ៍ឈ្មោះមិនល្អ ប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារតែបញ្ហាសន្តិសុខ ជុំវិញការឆបោកតាមអនឡាញ (Scam Online) ជាដើម ។សម្តេចធិបតី បានបញ្ជាក់ថា ប្រសិនបើបញ្ហាសន្តិសុខ សុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ គឺទាក់ទាញការវិនិយោគ និងបង្កើតនូវការវិនិយោគ ឱ្យកាន់តែរីកនោះ២០ឆ្នាំទៀត រោងចក្រមិនមានត្រឹមតែក្រុងបាវិតនោះទេ អាចនឹងមកជុំវិញខេត្ត ក្រុង តែម្តង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំថា មិនបាច់ដាំស្រូវ មិនបាច់ដាំអីទេ ដាំរោងចក្រ ស្រូវមួយហិចតាបានប៉ុន្មានតោន គិតជាលុយវាឡើងចុះ តែបើដាំរោងចក្រ ផលិតផលឧស្សាហកម្ម ផលិតផល មិនងាយចុះថ្លៃ ឡើងចុះដូចកសិផលទេ ។ ដី១០ហិចតា ធ្លាប់ចិញ្ចឹមតែ១០គ្រួសារ ដី១០ហិចតានេះ អាចប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស អាចចិញ្ចឹមដល់រាប់ម៉ឺនគ្រួសារ ដី១០ហិចតាដែលធ្លាប់តែទាញផល ត្រឹមតែថា ១លានដុល្លារចុះឱ្យកម្ពុជា តែប្រែក្លាយទៅជាតំបន់ឧស្សាហកម្ម អាចក្លាយជាពាន់លាន»៕
អត្ថបទ និងរូបភាព ៖ក្រសួងព័ត៌មាន

អត្ថបទពាក់ព័ន្ធ