Thursday, November 12, 2026
Thursday, November 12, 2026
Thursday, November 12, 2026

ប្រតិ​ភូ​អង្គការ​ NPA ធ្វើ​ទស្សន​កិច្ច​ស្វែង​យល់​​អំពី​​បច្ចេក​វិទ្យា​សកម្មភាព​កំចាត់​មីន​ នៅ​វិទ្យា​​ស្ថាន​បច្ចេក​ទេស​សកម្មភាព​កំចាត់​មីន​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង

by Sorn Kunnivoth
111 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖អង្គការជំនួយប្រជាជនន័រវេស ហៅកាត់ថា (NPA) ប្រចាំនៅកម្ពុជា បាននឹងកំពុងរៀបចំកិច្ចប្រជុំគណៈគ្រប់គ្រងប្រតិបត្តិការសកម្មភាពមីន របស់ខ្លួននៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ដោយឡែកនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ គណៈគ្រប់គ្រងប្រតិបត្តិការអង្គការ អិនភីអេ (NPA) បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេក ទេសសកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីទស្សនាការដាក់បង្ហាញនូវការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបោសសម្អាតមីន។

នាយកគ្រប់គ្រង និងបុគ្គលិកជាន់ខ្ពស់ប្រតិបត្តិការ NPA សរុបប្រមាណ២៥នាក់ មកពីប្រទេស អង់ហ្គោឡា បូស្នៀ ហឺហ្សេហ្គោវីណា កម្ពុជា អ៊ីរ៉ាក់ កូសូវ៉ូ ឡាវ លីបង់ ន័រវេស ប៉ាឡៅ ប៉ាឡេស្ទីន ស៊ីរី តាជីគីស្ថាន អ៊ុយក្រែន យេម៉ែន ហ្ស៊ីមបាវ៉េ ធ្វើទស្សនកិច្ចមកកាន់ វិទ្យាស្ថានបច្ចេក ទេសសកម្មភាពកំចាត់មីន ដើម្បីស្វែងយល់ពីការបង្ហាញអំពីបច្ចេកវិទ្យា នវានុត្តន៍ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតផ្សេងៗគ្នា នៅក្នុងសកម្មភាពកម្ចាត់មីន របស់អង្គភាពស៊ីម៉ាក់។

គោលបំណងនៃដំណើរទស្សនកិច្ចនៅថ្ងៃនេះគឺដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់បន្ថែមទៀតពីការ បង្ហាញពីបច្ចេកវិទ្យាសកម្មភាពកំចាត់មីនក្នុងន័យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៃឧបករណ៍ និងវិធីសាស្រ្តថ្មីៗនៃសកម្មភាពកំចាត់មីន ប្រកបដោយភាពច្នៃប្រឌិត ជាមួយបុគ្គលិកប្រតិបត្តិជាន់ខ្ពស់របស់ អិនភីអេ (NPA) ក៏ដូចជាការស្វែងយល់ ពីវិធីសាស្រ្តថ្មីៗដែលអង្គភាពស៊ីម៉ាក់កំពុងអនុវត្ត និងទទួលបានចំណេះដឹងបន្ថែមសម្រាប់ការងារនៅក្នុងប្រទេសដែលពួកគេកំពុងបំពេញភារកិច្ច។

សូមបញ្ជាក់ថា ស៊ីម៉ាក់កន្លងមកបានជួយបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ដូចជាប្រទេសក្នុងតំបន់អាហ្វ្រិក កូឡុំប៊ី អ៊ីរ៉ាក់ ឡាវ អង់ហ្គោឡា និង អ៊ុយក្រែនជាដើម ដើម្បីកសាងសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាព និងនិរន្តភាព ព្រមទាំងពង្រឹងកិច្ចការទំនាក់ទំនងអន្តរជាតិផងដែរ ដើម្បីជាប្រយោជន៍ជំរុញការចូលរួមក្នុងឆាកអន្តរជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទពាក់ព័ន្ធ