Wednesday, July 15, 2026
Wednesday, July 15, 2026
Wednesday, July 15, 2026

រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ រៀប​ចំ​ពិធី​សែន​ក្រុង​​ពលី ព្រះ​រាជ​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ ឆ្នាំ២០២៥ ​

by Sorn Kunnivoth
91 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀល ថ្ងៃទី១២ ខែឧសភា បានរៀបចំពិធីសែនក្រុងពលី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនពុទ្ធិជ័យមង្គល សិរីសួរស្តី នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលប្រារព្វធ្វើនៅខេត្តកំពង់ឆ្នាំង នាថ្ងៃព្រហស្បតិ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២ ៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីក្រុងពលីត្រូវបានធ្វើឡើងទៅតាមទំនៀមទម្លាប់ នៅទីព្រះស្រែ ស្ថិតសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាស្តេចមាឃ និងលោកជំទាវ ផាត សុផានី ស៊ុន សុវណ្ណារិទ្ធិ ជាមេហួរ ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាឆ្នាំនេះនឹងប្រារព្វធ្វើនៅខេត្តកំពង់ឆ្នាំង ដោយបានកំណត់យកទីព្រះស្រែ នៅក្នុងបរិវេណកីឡាដ្ឋានខេត្ត ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ គិតត្រឹមរសៀលថ្ងៃទី១២ឧសភានេះ ក្រុមការងារបានត្រៀម និងរៀបចំរួចរាល់ហើយ សម្រាប់ព្រះរាជពិធី និងស្តង់ពិពណ៌រូបភាព បង្ហាញពីកម្មវិធីនយោបាយទឹក ផលិតផលកសិកម្ម និងវិស័យផ្សេងៗទៀតផងដែរ ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ជាព្រឹត្តិការណ៍បុណ្យជាតិ ចាត់ទុកថាជាការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ។ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ ជាពិធីប្រព្រឹត្តឡើងជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធឲ្យបង្អុរទឹកភ្លៀងបរិបូរណ៍តាមរដូវកាល និងបម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទទទួលបានភោគផលខ្ពស់៕

អត្ថបទពាក់ព័ន្ធ